ទីតាំងល្បែងសុីសង សៃវៀនជល់មាន់ អាប៉ោង នឹងយូគី មួយកន្លែង នៅក្នុងភូមិបរញុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រងការរិះគន់ពីមតិមហាជន!

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ខេត្តរតនគិរី÷ខណៈគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ត្រូវបានរាជរដ្ឋាភិបាលជំរុញយ៉ាងសកម្ម ប៉ុន្តែនៅភូមិបរញុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី បែរកំពុងក្លាយជាជម្រកដ៏សុខសាន្តនៃសៃវៀនជល់មាន់ អាប៉ោង នឹងយូគី ដែលជាល្បែងស៊ីសងខុសច្បាប់ទៅវិញ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងការខកចិត្ត និងរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ចស្រុកអូរជុំ ថាបានបណ្តែតបណ្តោយឱ្យទីតាំងជល់មាន់ អាប៉ោង នឹងយូគី ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន ដោយគ្មានការកោតក្រែងច្បាប់បន្តិចសោះឡើយ។

ប្រភពពីអ្នកស្រុកបានឱ្យដឹងថា ទីតាំងសៃវៀនជល់មាន់នៅក្នុងចម្ការកៅស៊ូជារបស់ម្ចាស់ឈ្មោះអូនតូចអូនធំ កំពុងតែបន្តបើកទ្វារទទួលក្រុមអ្នកញៀនល្បែងមកប្រមូលផ្តុំគ្នាភ្នាល់លុយយ៉ាងអ៊ូអរជារៀងរាល់ថ្ងៃ។ សកម្មភាពនេះ មិនត្រឹមតែបំផ្លាញសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដើមហេតុបង្កឱ្យកើតមានបទល្មើសចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាគ្រឿងញៀន ដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ការអសកម្មរបស់សមត្ថកិច្ច ធ្វើអោយពលរដ្ឋដាក់ការសង្ស័យលើការបំពេញភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ថាហេតុអ្វីបានជាទីតាំងសៃវៀនជលមាន់បើកចំហរយ៉ាងនេះ ប៉ុន្តែគ្មានការបង្រ្កាប ឬមិនពិនិត្យមើលទាល់តែសោះ។

ប្រភពបន្តទៀតថា ការកើនឡើងនៃវង់ល្បែងត្រូវបានគេមើលឃើញថា ដើរទន្ទឹមគ្នានឹងការកើនឡើងនៃករណីចោរកម្ម និងបទល្មើសគ្រឿងញៀនក្នុងភូមិបរញុក ស្រុកអូរជុំ។

ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានទទូចស្នើរដល់លោកអធិការស្រុកអូរជុំ មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងនេះឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវ “ធ្វើមើលមិនឃើញ” នោះឡើយ។

មហាជន និងប្រជាពលរដ្ឋ កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ថា តើលោកអធិការស្រុកអូរជុំ  នឹងមានចំណាត់ការក្តៅយ៉ាងណា ចំពោះទីតាំងសៃវៀនជល់មាន់ អាប៉ោង នឹងយូគី មួយនេះ ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានពិតប្រាកដ?៕
រូបភាពនិងអត្ថបទដោយលោកដួង វេហា

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun