(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ត្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានជួបជុំគ្នាដើម្បីស្តាប់សាររបស់ សម្ដេចអគ្គមហាមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី៤៧ ទិវាបុណ្យជាតិ ៧ មករា (១៩៧៩–២០២៦)។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានរំលឹកនូវអតីតកាលដ៏ឈឺចាប់ក្នុងរបបខ្មែរក្រហម និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានចាត់ទុកថាជា “ថ្ងៃផ្តល់កំណើតទី២” សម្រាប់ប្រជាជនកម្ពុជា ឱ្យបានរស់រានមានសេរីភាព និងមានការអភិវឌ្ឍប្រទេសឱ្យមានរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។
ប្រជាពលរដ្ឋបានលើកឡើងថា៖«៧ មករា មិនមែនត្រឹមជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនសម្រាប់អនាគត ដើម្បីកុំឱ្យអតីតកាលដ៏ឈឺចាប់នេះវិលត្រឡប់មកវិញ»។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានគូសបញ្ជាក់ថា ការជួបជុំរំលឹកថ្ងៃនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនយល់ដឹងពីតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាព។
ពួកគេបានបញ្ជាក់បន្ថែមថា ៧ មករា ឆ្នាំ១៩៧៩ មិនត្រឹមតែជាសញ្ញានៃការរំដោះជាតិទេ ប៉ុន្តែជាមេរៀនសម្រាប់ជំនាន់ក្រោយឱ្យចងចាំអតីតកាល ដើម្បីថែរក្សាសន្តិភាព ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។













![]()
