សាលាឆទាន១ខ្នង ត្រូវបានធ្វើបុណ្យឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងស្រុកប្រាសាទសំបូរ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ ញូស៍វេហាស៍ (kehaktompornewsveha.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក គួន ច័ន្ទវេហាស៍ ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ សមិទ្ធផលសាលាឆទានថ្មីស្រឡាង១ខ្នង ស្ថិតក្នុងភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានរៀបចំពិធីបុណ្យឆ្លងតាមបែបសាសនា និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបម្រើជាប្រយោជន៍សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦  ។

ពិធីសម្ពោធកាត់ខ្សែរបូត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិ-ឃុំ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សាលាឆទានដែលទើបនឹងកសាងរួចរាល់នេះ មានទំហំ ៩,៤០ម៉ែត្រ គុណនឹង ៩,៤០ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏ទៃទៀត គឺជាអំណោយដ៏ថ្លៃថ្លារបស់ឧបាសក រ័ត្ន គឹមណូន និងឧបាសិកា កាំង ឃីជូ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន សរុបជាថវិកាចំនួន ២៥,០០០ ដុល្លារអាមេរិក និងការចូលរួមពីសម្បុរសជន និងពុទ្ធបរិស័ទ្ធផងដែរ ។ ការសាងសង់នេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ជាទីកន្លែងសម្រាប់សម្រាក ក៏ដូចជាសម្រាប់ប្រារព្ធពិធីបុណ្យទានផ្សេងៗតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងជាកន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់អ្នកដំណើរ។

ក្នុងឱកាសនោះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ ឧបាសក រ័ត្ន គឹមណូន និងឧបាសិកា កាំង ឃីជូ ព្រមទាំងបងប្ងូនប្រជាពលរដ្ឋដែលបានចំណាយថវិកា និងកម្លាំងកាយចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

លោកអភិបាលស្រុកបានបញ្ជាក់ថា៖ «សមិទ្ធផលនាពេលនេះ មិនត្រឹមតែបង្ហាញពីជំនឿមុតមាំក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកដើម្បីប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋយើងទៀតផង»។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ឈើទាល បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះម្ចាស់ទាន ដែលបានផ្ដល់នូវសំណង់ដ៏ស្រស់ស្អាត និងរឹងមាំមួយនេះសម្រាប់ភូមិកររបស់ពួកគាត់។

ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលស្រុក ប្រាសាទសំបូរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សាលាឆទាននេះ សូមជួយថែរក្សាអនាម័យ និងការពារសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខទៀត។

Loading

Subscribe NewsVeha

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Newsveha - Web Design by Phoeun