តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកពិធីលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋលើផ្ទៃទឹក
កំពង់ឆ្នាំង៖ ខណៈពេលដែលបណ្ដាខេត្តមួយចំនួនកំពុងទទួលរងនូវការវាយលុកដោយទឹកជំនន់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយកងពលតូចលេខ៧០ ដឹកនាំកម្លាំងនាយទាហាន នាយទាហានរង និងពលទាហាន សរុបចំនួន ១០០នាក់ រៀបចំពិធីលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋលើផ្ទៃទឹក ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះប្រជាពលរដ្ឋក្នុងស្ថានភាពទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ។
នៅក្នុងពិធីលំហាត់សមយុទ្ធនេះ មានការចូលរួមប្រើប្រាស់មធ្យោបាយរួមមាន៖ រថយន្តដឹកកងកម្លាំងចំនួន ៦គ្រឿង, រថយន្តសង្គ្រោះចំនួន ២គ្រឿង និងកាណូតចំនួន ២៥គ្រឿង។
សកម្មភាពនៃពិធីលំហាត់សមយុទ្ធជាក់ស្តែងនេះ ត្រូវបានបញ្ចប់ទៅដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ នេះបើយោងតាមរបាយការណ៍របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានគោរពរាយការណ៍ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា នៅពេលបញ្ចប់ពិធី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម រួមមាន៖
អង្ករ ១៧៥ គីឡូក្រាម
មី ៧ កេស
ត្រីខ ៧ កេស
ទឹកត្រី ៧ យួរ
ទឹកស៊ីអ៊ីវ ៧ យួរ
ព្រមទាំងថវិកាមួយចំនួនផងដែរ។
(អត្ថបទព័ត៌មានរៀបចំដោយ៖ បាន ភឿន)

































![]()
